នៅព្រឹកថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសតែងតាំងមុខតំណែងជូនដល់នាយទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រមទាំងចូលរួមអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣)
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ទៅកាន់បងប្អូនកងទ័ពយើងថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាជនយេីងទាំងអស់ បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់ដូចនៅថ្ងៃនេះដែរ ។ កម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការបានមានប្រសាសន៍បន្តទៀតថា អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំសន្តិភាព និងឯកភាពជាតិពេញលេញ ក្នុងនាមជាអ្នកបន្តវេន ត្រូវមានទំនួលខុសត្រូវខ្ពស់ ក្នុងការប្តេជ្ញា ថែរក្សាសមិទ្ធផល ដែលសម្រេចបាន ឲ្យ គង់វង្សជាដរាប និងប្តេជ្ញារួមគ្នា ការពារ ដាច់ខាត ថែរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹង ឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវ អនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗ ក្នុងការបន្តរស់នៅ ប្រកបដោយភាពសុខដុមរមនា។
គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕
0 Reviews:
Post a Comment