ក្លឹបកីឡាវាយសីមួយជាការចូលរួមរបស់វិស័យឯកជន ត្រូវបាន សាងសង់ ចំណាយទុន វិនិយោគឲ្យពេញលក្ខណៈជាក្លឹបវាយសីខ្នាតអន្តរជាតិ ដែលប្រើប្រាស់ថវិកា ជាង៦៥ម៉ឺនដុល្លារ លើផ្ទៃដី ៩,៨០០ម៉ែត្រក្រឡា ព្រមទាំងមានការិយាល័យបម្រើការ មានចំណតរថយន្តធំទូលាយ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធកាត់ខ្សែបូរស្របគ្នាជាមួយនឹងពិធីបិទការប្រកួតកីឡាវាយសីពានរង្វាន់ ៧មករា លើកទី២១ផង ដែរ កាលពីចុងសប្តាហ៍នៅរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ចៅក្រម អាជ្ញា កណ្តាល កីឡាករ-កីឡាការិនី ជាច្រើនរូបទៀតអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។
ឯកឧត្តម ទៀ សីហា បានសម្តែងនូវមោទកភាព និងកោតសរសើរចំពោះការចូលរួមរបស់ផ្នែកឯកជនសម្រេចលេចចេញនូវសមិទ្ឋផ លទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនេះបានបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាក្នុងខេត្តសៀមរាបឱ្យកាន់តែមាន ភាពរីកចម្រើនឈានឡើង ដែលមិនត្រឹមតែបំរើវិស័យកីឡាជូន បងប្អូនប្រជាជនក្នុងខេត្តប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់សេវានេះដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិថែមទៀតផងដែរ។
ឯកឧត្តម អភិបាលខេត្ត បន្ថែមថាក្នុងរយៈពេលចុងក្រោយនេះ វិស័យកីឡានៅកម្ពុជា ក៏ដូចជាខេត្តសៀមរាបមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយគ្នានេះ កីឡាទេសចរណ៍ ត្រូវបានប្រទេសក្នុងតំបន់អាស៊ាន ចាត់ទុកថាជាផលិតផលថ្មីមួយ សម្រាប់ទាក់ ទាញភ្ញៀវទេសចរ នៅលើពិភព-លោក ឱ្យចូលមកកម្សាន្តនៅតំប ន់របស់ខ្លួន ក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗ។ កីឡាទេសចរណ៍ បានក្លាយជាយុទ្ធសាស្រ្តថ្មីនៅក្នុងតំបន់អាស៊ាន ដែលត្រូវជំរុញឲ្យមានយកចិត្តទុកដាក់ ពីព្រោះទេសចរណ៍កីឡា គឺជាទីផ្សារថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកទស្សនាកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។
ប្រទេសកម្ពុជា ក៏មានសក្តានុពលក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍ធំៗផងដែរ។ ពាក់ព័ន្ធនឹងកិច្ចការនេះ រដ្ឋបាលខេត្ត តែងតែសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្ រសងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ រៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ជារៀងរាល់ឆ្នាំ ដែលតែងរៀបចំនៅខេត្តសៀមរាប។
ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានបង្ហាញនូវក្តីសោមនស្សសាទរជាមួយសមិទ្ឋផលថ្មីដែលប្រកបដោយស្តង់ដារទំនើបនិងមានផាសុខភាព។ ឯកឧត្តម បានបន្តថាសហព័ន្ឋតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកនូវចំណងសាមគ្គីភាពរវាងក្លឹបសម្ព័ន្ឋវាយសីនិងសហព័ន្ឋពីកន្លែងមួយទៅកន្លែងមួយពីខេត្តមួយទៅខេត្តមួយឱ្យកាន់តែមានភាពជិតស្និទ្ឋនិងសហការសាមគ្គីគ្នាបានល្អដើម្បីបង្កើនការប្រកួតក្នុងឆ្នាំនីមួយៗឲ្យកាន់តែមានចំនួនកើនទ្វេដង។ ឯកឧត្តម លី កុសល ក៏បាមជំរុញដល់អ្នកទាំងអស់គ្នាប្រឹងប្រែងក្តាប់ឱកាសឱជាប់ដើម្បីដណ្តើមយកជ័យជម្នះ ដើម្បីភាពខ្លាំងនិងមោទកភាពជូនជាតិមាតុភូមិ ថ្វីត្បិតតែអង្គការកីឡាជាអង្គភាព អព្យាក្រិតមិនប្រកាន់សាសនានយោបាយពណ៌សម្បុរអ្វីឡើយ ហេតុនេះមិនមានធនធានថវិកាពេញលេញនោះទេ មានតែបណ្តាក្លឹប សហព័ន្ឋត្រូវចេះចលនាកៀរគររកប្រភពចំណូលពីការគាំទ្រឧបត្ថម្ភរបស់សប្បុរសជននិងស្ថាប័ននានាទាំងក្នុងនិងក្រៅប្រទេសដើម្បីបំរើឱ្យជំនាញ ទើបទទួលបានេជោគជ័យនិងការអភិវឌ្ឍឆាប់រហ័ស។
សូមបញ្ជាក់ថា សម្ព័ន្ឋកីឡាវាយសីខេត្តសៀមរាបបានរៀបចំការប្រកួតវាយសីរយៈពេលពីរថ្ងៃពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែមករាឆ្នាំ២០២២ដោយមានកីឡាករ កីឡាការិនីចំនួន១៥៤នាក់ មកពីសម្ព័ន្ឋនានាចំនួន១៨ក្លឹប និងប្រតិភូដឹកនាំផងសរុបចំនួន១៩៩នាក់ ។ ជាលទ្ឋផល គូរពិសេសផ្នែកបុរសអាយុ៣៥និងអាយុ៥០ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាសបានទៅលើ កីឡាករ សោម សមសក្តិ និងកីឡាករ ឡាវ ជា មកពីក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប គូពិសេសផ្នែកបុរសអាយុ៥០ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើកីឡាករ រស់ អ៊ិនសុផលនិងកីឡាករ ហែម ម៉ានិត មកពី ក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប ។ គូរពិសេសផ្នែកបុរស អាយុ៤០ដល់៤៩ឆ្នាំឡើងចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅកីឡាករ ដែន ទិត្យរស្មី និង កីឡាករ សំ រតនា មកពីក្លឹបកីឡាវាយសីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។គូរបុរសអាយុ១៩ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅកីឡាករ ទេព ច័ន្ទម៉ារ៉ា និងកីឡាករ យ៉ាន កុសល មកពីក្លឹបកីឡាក្រសួងមហាផ្ទៃ។ គូរបុរសអាយុក្រោម ១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅ កីឡាករ សុខ រីករាយ និងកីឡាករ រាជ សុផានិត មកពីក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប។ គូរយុវជនអាយុក្រោម១៦ឆ្នាំ ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅ កីឡាករ រាជ្រ សុផានិត និងកីឡាករ ហាក់ ម៉ានិត មកពីសម្ពន្ឋកីឡាវាយសីខេត្តស្វាយរៀង និង វាយគូចម្រុះមិនគិតអាយុ ចំណាត់ថ្នាក់លេខ១មេដាយមាស បានទៅកីឡាការិនី សុខ សុម៉ាលីតា និងកីឡាករ វ៉ាត វណ្ណធន មកពីក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប៕
0 Reviews:
Post a Comment