ភ្នំពេញ៖បុរសម្នាក់ជាមន្ត្រីនគរបាលទំនងជាស្រវឹងស្រា បានបើករថយន្តបញ្ច្រាសផ្លូវក្នុងល្បឿនយ៉ាងលឿន ទៅបុករះកន្លែងលក់បាយឆា មីឆា និងទ្វារផ្ទះប្រជាពលរដ្ឋ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមករាឆ្នាំ២ ០២២ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមា នជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ជាមន្ត្រីនគរបាលម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាកាមរីហាយព្រីត ពណ៌សពាក់ស្លាកលេខនគរបាល 2.3882 បើកបរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករះកន្លែងលក់បាយឆា និងមីឆា បណ្តាលឲ្យខ្ទាតរាយប៉ាយពេញផ្លូវ រួចបន្តល្បឿនទៅបុកទម្លុះចូលទ្វារផ្ទះប្រជាពលរដ្ឋ រងការខូចខាតសម្ភារៈអស់ជាច្រើន។ ចំណែកអ្នកបើករថយន្តបង្កជាមន្រ្តីនគបាលត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចឱ្យភាគីរថយន្តបង្ក និងភាគីរងគ្រោះសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក ព្រមសងជាសំណងថ្លៃខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
0 Reviews:
Post a Comment