នាវាចម្បាំងបំពាក់មីស៊ីលរបស់អាមេរិក ចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាថ្មីម្តងទៀតហើយ
(តៃប៉ិ)៖ នាវាចម្បាំងអាមេរិកនៅថ្ងៃអង្គារនេះ ត្រូវបានគេរាយការណ៍ថា បានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ជាថ្មីម្តងទៀត ខណៈសកម្មភាពបែបនេះ តែងតែត្រូវបានទីក្រុងប៉េកាំងថ្កោលទោស និងចាត់ទុកថា ជាការបង្កើនភាពតានតឹងក្នុងតំបន់ទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
នាវាចម្បាំង-កម្ទេចមីស៊ីលរបស់សហរដ្ឋអាមេរិកមួយគ្រឿង ដែលស្ថិតក្នុងលំដាប់ថ្នាក់ អាលីច ប៊ឺក (Arleigh Burke) ឈ្មោះ ម៉ៃលៀស (Milius) ត្រូវបានបញ្ជាឲ្យចល័តក្នុងដែនទឹកអន្តរជាតិ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិកតែងតែអះអាងថា ទង្វើរបស់ខ្លួនបែបនេះ គឺស្របតាមច្បាប់អន្តរជាតិ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការចល័តនាវា ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសេរីភាព និងការបើកចំហនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យោធាសហរដ្ឋអាមេរិកតែងតែធ្វើការហោះហើរ (យន្តហោះ), ចល័ត (នាវា) និងបើកប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។
គួរបញ្ជាក់ថា ភ្លាមៗគេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីសំណាក់ទីក្រុងប៉េកាំងនៅឡើយទេ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃតុលាកន្លងទៅថ្មីៗនេះ ប្រទេសចិនបានប្រកាសថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំពោះការចល័តនាវាចម្បាំងរៀងៗខ្លួន ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់។ ប្រទេសចិនបានហៅទង្វើបែបនេះថា «ជាការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់»៕
0 Reviews:
Post a Comment