Tuesday, November 23, 2021

អាជ្ញាធរខេត្តស្ទឹងត្រែងរៀបចំយន្តការសំអាតបរិស្ថានក្នុងក្រុង

អ្នកទស្សនា: Views

 ស្ទឹងត្រែង ៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានដាក់វិធានការបន្ថែម ដើម្បីសំអាតបរិស្ថានក្នុងក្រុង ដោយបានបង្កើតឱ្យមានក្រុមការងារ សំអាតបរិស្ថានឱ្យទទួលខុសត្រូវនិងចុះត្រួតពិនិត្យទៅលើបុគ្គលឬអាជីវករណា នៅបន្តចោលសំរាមរាយប៉ាយតាមទីសាធារណៈ ត្រូវផាក ពិន័យតាមច្បាប់។

ក្នុងទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ(ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ) នៅខេត្តស្ទឹងត្រែងថ្ងៃទី២៣វិច្ឆិកា លោក ដួង ពៅ អភិបាលរងខេត្តបានបញ្ជាក់ថា៖វិធានការនេះអាជ្ញាធរខេត្តបានចែកជាផែន នៅក្នុងសង្កាត់ចំនួន៣ រួមមានសង្កាត់ស្ទឹងត្រែង-សង្កាត់ព្រះបាត -និងសង្កាត់ស្រះឫស្សី ឱ្យមន្ត្រី មន្ទីរអង្គភាពនីមួយៗទទួលខុសត្រូវទៅតាមតំបន់គោលដៅ ហើយបើរកឃើញបុគ្គលណា លួចចោលសំរាមនៅតាមទីធ្លាសាធារណៈ មិនសំអាតបរិស្ថាននៅតាមផ្ទះរបស់ខ្លួន ត្រូវមានវិធានការទៅតាមច្បាប់។

លោកបន្តថា៖ទិវាអនាម័យបរិស្ថានជាតិ អាជ្ញាធរបានធ្វើជាច្រើនលើករូចមកហើយតែគ្មានប្រសិទ្ធភាព សំរាមនៅតែមានរាយប៉ាយដដែល ។ លោកបានអំពាវនាវបន្ថែមឱ្យមន្ត្រីរាជការ អង្គការសង្គមស៊ីវិល អាជីវករនិងប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់កែប្រែឥរិយាបថទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ ព្រោះការធ្វើឱ្យទីក្រុងស្អាត សំខាន់បំផុតគឺស្មារតីចូលរួមទាំងអស់គ្នាចាប់ ពីខ្លួនឯងឡើងទៅ។

អ្នកស្រី បុទុម រត្នន៍ តំណាងឱ្យប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងត្រែង បានគាំទ្រចំពោះវិធានការនេះ ព្រោះបច្ចុប្បន្ននៅមានប្រជាពលរដ្ឋ តិចតូចតែប៉ុណ្ណោះដែលនៅលួចចោលសំរាមពាសវាលពាសកាល ហើយទម្លាក់កំហុសទៅលើអាជ្ញាធរថាមិនបានរៀបចំផ្នែកបរិស្ថានឱ្យបាន ស្អាតត្រឹមត្រូវ។

អ្នកស្រីស្នើឱ្យក្រុមការងារត្រួតពិនិត្យសំរាមនេះអនុវត្តវិធានការឱ្យបានតឹងរុឹងបើជួបអ្នករឹងរូស លួចចោលសំរាមផ្តេសផ្តាស គួរចាត់វិធានការ ភ្លាមៗ ទើបមានការរាងចាល។

លោក យេន រុន អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ៖ ផែនការនេះលោកនឹងព្យាយាមពន្យល់បងប្អូនប្រជាពលរដ្ឋ ដែលនៅមិនទាន់ចូលរួមឱ្យបានយល់ដឹងបន្ថែម ដើម្បីចូលរួមធ្វើឱ្យទីក្រុងស្អាត បរិស្ថានស្អាត ព្រោះតាមការសង្កេត ប្រជាពលរដ្ឋភាគច្រើន មានការភ្ញាក់រលឹកចូលរួមសំអាតបរិស្ថាននៅតាមមុខផ្ទះ មានការវេចខ្ចប់សំរាមយកទៅដាក់ក្នុងធុងបានត្រឹមត្រូវហើយដែរ។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានឱ្យដឹងថា៖ កន្លងមកអាជ្ញាធរពាក់ព័ន្ធ បានអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការសំអាត បរិស្ថាននេះ ជារឿយៗ តែបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ញាក់រឭក ចូលរួមនៅឡើយ។

សូមបញ្ជាក់ថា៖ អាជ្ញាធរខេត្ត បានឱ្យមន្ត្រីមន្ទីរស្ថាប័នក្នុងខេត្តបង្កើនការងារគ្រប់គ្រងបរិស្ថាន ហើយចាប់ពីពេលនេះតទៅ ចំពោះបុគ្គល មិនចូលរួម សមត្ថកិច្ចនឹងផាកពិន័យដើម្បីធ្វើឱ្យខេត្តស្ទឹងត្រែងមានសោភ័ណភាពនិងសណ្តាប់ធ្នាប់ល្អ ឈានទៅប្រកួតប្រជែងទីក្រុង ស្អាត៕

វិទ្យុជាតិកម្ពុជា ៖ គឹមហឿន



0 Reviews:

Post a Comment