ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បាន អនុញ្ញាតឱ្យឯកឧត្តម BuaKeo Phumvongsay ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។
សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមកន្លងមក ដោយសារតែវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បានខិតខំស្វែងរកឱកាសដើម្បីបន្តអនុវត្តយន្តការសហប្រតិបត្តិការជាមួយគ្នា តាមរយៈការជួបប្រជុំតាមប្រព័ន្ធអនឡាញ និងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យដើម្បីរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋប្រទេសទាំងពីរ ជាពិសេសកិច្ចសហការថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ។
សម្ដេចក៏មានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម BuaKeo Phumvongsay នឹងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ពិសេសរវាងក្រសួងទាំងពីរថែមទៀត ដើម្បីបន្តអនុវត្តនូវអ្វីដែលបានព្រមព្រៀង និងបានចុះហត្ថលេខារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។
សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ ដោយសង្ខេបអំពីកិច្ចការសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយ មានជាអាទិ៍កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ ការងារសណ្ដាប់ធ្នាប់សាធារណៈ ពិសេសយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងកិច្ចខិតខំប្រឹងប្រែងស្ដារនូវផលប៉ះពាល់អវិជ្ជមាននានា ដែលបង្កឡើងដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
ជាការឆ្លើយតប ឯកឧត្តមBuaKeo Phumvongsay ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងបង្ហាញភាពរីករាយប្រកបដោយមោទកភាពដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ហើយថ្វីត្បិតតែឯកឧត្តមទើបបានមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលខ្លី តែឯកឧត្តមពិតជាមានសេចក្ដីរីករាយក្នុងការរស់នៅប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងមានប្រពៃណីវប្បធម៌ប្រហាក់ប្រហែលនឹងប្រជាជនឡាវ។
ឯកឧត្តមក៏យកឱកាសនេះថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយផ្សេងៗដល់រដ្ឋាភិបាល និងបន្តថា ក្នុងអាណត្តិការទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំពូនជ្រំកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យកាន់តែទទួលបានជោគជ័យថែមទៀត៕
0 Reviews:
Post a Comment